បញ្ហាទារកក្អួតចង្អោរមកវិញ៖ តើត្រូវធ្វើដូចម្តេច?
វិធីសាស្ត្រកាត់បន្ថយការភើរបស់កូនតូច
បញ្ហាភើចេញទឹកដោះ ឬការក្អួតចង្អោរបន្តិចបន្តួច ជារឿងធម្មតាដែលកើតមានចំពោះទារកក្នុងអំឡុងខែដំបូងៗ។ ទោះបីជាវាមិនមែនជាបញ្ហាធ្ងន់ធ្ងរ ប៉ុន្តែយើងអាចកាត់បន្ថយភាពមិនស្រណុកក្នុងខ្លួនរបស់កូនបាន តាមរយៈការអនុវត្តវិធានការងាយៗមួយចំនួន។
ហេតុអ្វីបានជាកូនភើចេញទឹកដោះ?
ការភើចេញទឹកដោះកើតឡើងដោយសារប្រព័ន្ធរំលាយអាហាររបស់ទារកមិនទាន់លូតលាស់ពេញលេញ៖
សាច់ដុំចន្លោះក្រពះ និងបំពង់អាហារនៅមានសភាពទន់ ដែលធ្វើឱ្យទឹកដោះក្នុងក្រពះងាយហូរត្រឡប់មកវិញ។
បញ្ហានេះនឹងមានកាន់តែខ្លាំងនៅពេលកូនគេង ឬញ៉ាំតែអាហាររាវ។
វានឹងបាត់ទៅវិញដោយខ្លួនឯង នៅពេលកូនចាប់ផ្តើមចេះអង្គុយ និងញ៉ាំអាហាររឹង។
តើវាជាបញ្ហាគ្រោះថ្នាក់ដែរឬទេ?
កុំបារម្ភអី! ទារកភាគច្រើននឹងភើចេញទឹកដោះជាញឹកញាប់រហូតដល់អាយុ ៦ ទៅ ៨ ខែ។ នេះជាបញ្ហាទូទៅដែលប៉ាម៉ាក់តែងទៅពិគ្រោះជាមួយគ្រូពេទ្យ។ វាកើតឡើងដោយឯកឯងភ្លាមៗ បន្ទាប់ពីកូនបៅរួច ឬក្រោយពេលបៅបានបន្តិច។
វិធីបង្ការ និងកាត់បន្ថយការភើចេញទឹកដោះ
អ្នកអាចអនុវត្តតាមជំហានងាយៗដូចខាងក្រោម ដើម្បីកាត់បន្ថយការភើចេញទឹកដោះរបស់កូន៖
-
ជ្រើសរើសទឹកដោះគោដែលសមស្រប៖ ប្រភេទម្សៅទឹកដោះគោដែលមានលក្ខណៈខាប់បន្តិច អាចជួយកាត់បន្ថយការភើបាន។ ទោះជាយ៉ាងណា សូមពិភាក្សាជាមួយគ្រូពេទ្យកុមារ មុននឹងសម្រេចចិត្តប្តូរប្រភេទទឹកដោះគោឱ្យកូន។
-
កុំដាក់កូនឱ្យគេងភ្លាមៗក្រោយបៅ៖ ចៀសវាងដាក់កូនឱ្យគេង ឬផ្ដេកភ្លាមៗបន្ទាប់ពីញ៉ាំរួច ព្រោះកាយវិការនេះធ្វើឱ្យទឹកដោះងាយហូរត្រឡប់ឡើងលើ។
-
ផ្តល់ឱកាសឱ្យកូនភើអំឡុងពេលបៅ៖ ជួយឱ្យកូនបញ្ចេញខ្យល់ដែលគាត់លេបចូល ដោយឱ្យគាត់ភើឱ្យបានច្រើនដងក្នុងពេលបៅម្តងៗ។ ប្រសិនបើកូនមិនសូវភើទេ អ្នកគួរផ្អាកការបំបៅបន្តិច ដើម្បីកុំឱ្យគាត់លេបទឹកដោះលឿនពេក។
-
ឆុងទឹកដោះគោឱ្យបានត្រឹមត្រូវ៖ ការឆុងទឹកដោះគោតាមកម្រិតដែលបានណែនាំច្បាស់លាស់ និងការក្រឡុកឱ្យរលាយល្អ (មិនកកដុំៗ) នឹងជួយឱ្យកូនងាយស្រួលរំលាយ។
-
បច្ចេកទេសបំបៅតាមដប៖ របៀបនៃការកាន់ដបទឹកដោះគោក៏ប៉ះពាល់ដល់ការភើផងដែរ។ (អ្នកអាចស្វែងរកដំបូន្មានបន្ថែមលើគេហទំព័ររបស់យើងអំពី "របៀបបំបៅកូនតាមដបឱ្យបានត្រឹមត្រូវ")។
តើពេលណាដែលគួរទៅពិគ្រោះជាមួយគ្រូពេទ្យ?
ទោះបីជាការភើចេញទឹកដោះជារឿងធម្មតា ប៉ុន្តែអ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យកុមារ ប្រសិនបើមានសញ្ញាដូចខាងក្រោម៖
-
កូនក្អួតខ្លាំង៖ ការក្អួតខុសពីការភើធម្មតា ដោយវាមានបរិមាណច្រើន ខាប់ មានក្លិនឆ្អេះខ្លាំង និងមានអាការៈកន្ត្រាក់សាច់ដុំពោះ។
-
កូនមានការឈឺចាប់៖ កូនយំខ្លាំង រមួលខ្លួន ឬបង្ហាញអាការៈមិនស្រណុកក្នុងខ្លួនខ្លាំងបន្ទាប់ពីក្អួត។
-
អាយុលើសពី ៦ ខែ៖ កូននៅតែភើចេញទឹកដោះខ្លាំង ទោះបីជាមានអាយុលើសពី ៦ ខែក៏ដោយ។
កុំរុញរាក្នុងការសាកសួរគ្រូពេទ្យ ប្រសិនបើអ្នកមានមន្ទិលសង្ស័យ។ Babybio នៅតែបន្តផ្តល់ដំបូន្មានល្អៗ ដើម្បីជួយសម្រួលដល់បញ្ហារំលាយអាហាររបស់កូនតូច។ ចូលអានអត្ថបទចំណេះដឹងផ្សេងៗទៀតនៅលើគេហទំព័ររបស់យើង!