ការបំបៅដោះកូនបែបចម្រុះ
វិធានការសម្រាប់ការបំបៅដោះកូនបែបចម្រុះ
តើអ្នកចង់បន្តការបំបៅដោះកូនផង និងចង់បន្ថែមម្សៅទឹកដោះគោឱ្យកូនផងដែរមែនទេ?
តោះ អ្នកម៉ាក់ទាំងអស់គ្នាមកដឹងពីវិធានការ ដើម្បីឱ្យការបំបៅបែបចម្រុះទទួលបានជោគជ័យ!
តើអ្វីទៅជាការបំបៅបែបចម្រុះ?
ការបំបៅបែបចម្រុះ គឺជាវិធីសាស្ត្រក្នុងការផ្តល់អាហារដែលផ្លាស់ប្តូររវាង ទឹកដោះម្តាយ និង ម្សៅទឹកដោះគោ។ បច្ចុប្បន្ន អ្នកម៉ាក់ជាច្រើននិយមប្រើវិធីនេះដោយសារហេតុផលមួយចំនួនដូចជា៖ ត្រូវត្រឡប់ទៅធ្វើការវិញដោយមិនចង់បោះបង់ការបំបៅដោះម្តាយ, ចង់មានពេលចេញក្រៅ, ចង់ចែករំលែកភារកិច្ចបំបៅកូនឱ្យលោកប៉ាជួយខ្លះ ឬក្នុងករណីអ្នកម៉ាក់មានទឹកដោះមិនគ្រប់គ្រាន់ជាដើម។
ទោះបីជាមានអត្ថប្រយោជន៍ច្រើន ប៉ុន្តែការបំបៅបែបចម្រុះត្រូវរៀបចំឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងបញ្ហា៖
- កូនច្រឡំក្បាលដោះ៖ កូនតូចខ្លះអាចនឹងចូលចិត្តក្បាលដបជាង ឬលែងចង់បៅដោះម្តាយ។
- ការថយចុះនៃទឹកដោះម្តាយ៖ កាលណាទារកបៅដោះកាន់តែតិច រាងកាយនឹងផលិតទឹកដោះកាន់តែតិចទៅតាមនោះដែរ។
តើត្រូវធ្វើដូចម្តេចដើម្បីឱ្យការបំបៅបែបចម្រុះទទួលបានជោគជ័យ?
១. ចាប់ផ្តើមនៅពេលវេលាដ៏សមស្រប
ការបំបៅបែបចម្រុះមិនអាចធ្វើឡើងដោយតក់ក្រហល់បានទេ។ មុននឹងចាប់ផ្តើម អ្នកត្រូវប្រាកដថាការបំបៅដោះម្តាយបានដំណើរការយ៉ាងរលូន ហើយរាងកាយអ្នកផលិតទឹកដោះបានគ្រប់គ្រាន់សិន។ តាមទ្រឹស្តី អង្គការសុខភាពពិភពលោក (WHO) ណែនាំឱ្យបំបៅដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេល ៦ ខែដំបូង។ ប៉ុន្តែប្រសិនបើអ្នកមិនអាចធ្វើបាន អ្នកគួររង់ចាំយ៉ាងហោចណាស់ ៦ សប្តាហ៍ក្រោយសម្រាល សិនមុននឹងចាប់ផ្តើមឱ្យកូនបៅដប ដើម្បីឱ្យកូនចេះបៅដោះម្តាយបានស្ទាត់ និងដើម្បីឱ្យរាងកាយអ្នកផលិតទឹកដោះបានទៀងទាត់។
២. រក្សាការបំបៅផ្ទាល់យ៉ាងតិច ២ ទៅ ៣ ដងក្នុងមួយថ្ងៃ
ដើម្បីឱ្យរាងកាយនៅតែបន្តផលិតទឹកដោះ អ្នកគួរឱ្យកូនបៅដោះផ្ទាល់យ៉ាងហោចណាស់ ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។ អ្នកម៉ាក់ដែលចូលធ្វើការវិញ ច្រើនតែជ្រើសរើសការបំបៅផ្ទាល់នៅពេលព្រឹកព្រលឹម ពេលល្ងាច និងពេលយប់។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចរៀបចំកាលវិភាគណាមួយដែលសមស្របបំផុតសម្រាប់អ្នក និងកូន។
៣. ចាប់ផ្តើមប្តូរបន្តិចម្តងៗ
កុំបង្ខំកូនឱ្យបៅដបភ្លាមៗ។ អ្នកគួរចាប់ផ្តើមដោយជំនួសការបំបៅផ្ទាល់ ១ ពេល មកជាការផ្តល់ដបទឹកដោះគោ ១ ពេលវិញ។ ការធ្វើបែបនេះជួយឱ្យកូនងាយបន្សំុាខ្លួន ហើយក៏ជួយការពារអ្នកម៉ាក់ពីបញ្ហាឈឺតឹងដោះ នៅពេលបោះបង់ការបំបៅលឿនពេកផងដែរ។
៤. ជ្រើសរើសក្បាលដបទឹកដោះគោឱ្យបានត្រឹមត្រូវ
ការជ្រើសរើសដបពិតជាសំខាន់ណាស់។ ប្រសិនបើក្បាលដបហូរលឿនពេក កូនអាចនឹងលែងចង់បៅដោះម្តាយដែលពិបាកជញ្ជាក់ជាង។ អ្នកគួរពិភាក្សាជាមួយគ្រូពេទ្យកុមារ ឬឱសថការី ដើម្បីជ្រើសរើសក្បាលដោះប្រភេទ "លំហូរយឺត" (កម្រិត 0 ឬ 1) ដែលសមស្របទៅតាមអាយុរបស់កូន។
តើត្រូវផ្តល់ទឹកដោះគោក្នុងបរិមាណប៉ុន្មាន?
វាជារឿងធម្មតាដែលអ្នកបារម្ភពីបរិមាណទឹកដោះគោដែលត្រូវផ្តល់ឱ្យនៅពេលចាប់ផ្តើមដំបូង។ ដើម្បីឱ្យច្បាស់ថា កូនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមតម្រូវការរាងកាយ សូមពិគ្រោះជាមួយគ្រូពេទ្យកុមារ ឬអ្នកជំនាញសុខភាព។
លើសពីនេះ អ្នកក៏អាចស្វែងរកដំបូន្មានបន្ថែមលើគេហទំព័ររបស់យើង អំពីរបៀបជ្រើសរើសម្សៅទឹកដោះគោ និងវិធីឆុងទឹកដោះគោឱ្យបានត្រឹមត្រូវបំផុតសម្រាប់កូនៗរបស់អ្នក!